អាមេរិក ប្រកាសបន្តធ្វើការឱ្យកាន់តែជិតស្និទ្ធ ជាមួយកម្ពុជា ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិកា ~ គេហទំព័រ អេអឹមអឹម ហតញូស្តិ៍ -->
សូមស្វាគមន៍ គេហទំព័រ អេអឹមអឹម ហតញូស្តិ៍ មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /
សូមស្វាគមន៍ www.ammhotnews.com / មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /

អាមេរិក ប្រកាសបន្តធ្វើការឱ្យកាន់តែជិតស្និទ្ធ ជាមួយកម្ពុជា ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិកា

ចំនួនអ្នកទស្សនា : Views


(ភ្នំពេញ)៖ សហរដ្ឋអាមេរិក តាមរយៈឧបការីរដ្ឋមន្ត្រីការទេស បានប្រកាសបន្តធ្វើការឱ្យកាន់តែជិតស្និទ្ធជាមួយកម្ពុជា ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

ការប្រកាសនេះធ្វើឡើងក្នុងពេលលោក Daniel J. Kritenbrink ឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិក ទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នារសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។

ក្នុងជំនួបនេះ សម្តេចធិបតី បានស្វាគមន៍ចំពោះលោក Daniel J. Kritenbrink និងគណៈប្រតិភូ ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា និងបានកត់សម្គាល់អំពីវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ទាំងក្នុងក្របខ័ណ្ឌទ្វេភាគីនិងពហុភាគី។

លោកឧបការីរដ្ឋមន្រ្តីការបរទេស បានថ្លែងអំណរគុណសម្តេចធិបតី ដែលបានចំណាយពេលដ៏មមាញឹកអនុញ្ញាតឱ្យលោក និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ លោកឧបការី ក៏បានអបអរសាទរជូនចំពោះសម្ដេចធិបតី ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ត្រីកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា។

ទន្ទឹមនឹងនេះ លោកឧបការីរដ្ឋមន្រ្តីការបរទេស បានរំលឹកអំពីជំនួបជាមួយសម្តេចធិបតីនាឱកាសសម្ដេចធិបតី ជួបពិភាក្សាការងារជាមួយលោកស្រី វ៉ិចតូរីយ៉ា នូលែន (Victoria Nuland) នៅទីក្រុងញូវយ៉ក កាលពីខែកញ្ញា ឆ្នាំ២០២៣ផងដែរ។

លោក Daniel J. Kristenbrink ក៏បានបង្ហាញពីគោលជំហរបស់សហរដ្ឋអាមេរិក បន្តធ្វើការឱ្យកាន់តែជិតស្និទ្ធ ជាមួយប្រទេសកម្ពុជា ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត ជាពិសេសក្នុងអំឡុងពេលកម្ពុជានឹងក្លាយជាប្រទេសសម្របសម្រួលសម្រាប់ទំនាក់ទំនងសន្ទនារវាងអាស៊ាន និងសហរដ្ឋអាមេរិក (ពីខែកក្កដា ឆ្នាំ២០២៤ ដល់ខែកក្កដា ឆ្នាំ២០២៧)។

លោក Daniel J. Kristenbrink ក៏បានវាយតម្លៃខ្ពស់ចំពោះជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះកិច្ចការតំបន់ និងអន្តរជាតិផងដែរ រួមទាំងជោគជ័យរបស់កម្ពុជា ក្នុងនាមជាប្រធានអាស៊ាន ក្នុងឆ្នាំ២០២២ កន្លងទៅ។

ក្នុងជំនួបនេះ សម្តេចធិបតី និងលោក Daniel J. Kritenbrink បានពិភាក្សាអំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរបន្ថែមទៀត លើវិស័យដែលផ្តល់ប្រយោជន៍ទៅវិញទៅមក រួមមានវិស័យពាណិជ្ជកម្ម វិនិយោគ ទំនាក់ទំនងប្រជាជន និងប្រជាជន ព្រមទាំងវិស័យការពារជាតិ និងសន្តិសុខជាដើម៕

0 Comments:

Post a Comment

KKK
Share This