ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានចូលរួមជាអធិបតី ក្នុងពិធីផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់ឯកសារបច្ចេកទេស ស្តីពី «រៀនតាមរយៈការលេង និងបរិស្ថាន» និងមានការអញ្ជើញចូលរួមពី ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា ~ គេហទំព័រ អេអឹមអឹម ហតញូស្តិ៍ -->
សូមស្វាគមន៍ គេហទំព័រ អេអឹមអឹម ហតញូស្តិ៍ មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /
សូមស្វាគមន៍ www.ammhotnews.com / មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានចូលរួមជាអធិបតី ក្នុងពិធីផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់ឯកសារបច្ចេកទេស ស្តីពី «រៀនតាមរយៈការលេង និងបរិស្ថាន» និងមានការអញ្ជើញចូលរួមពី ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា

ចំនួនអ្នកទស្សនា : Views

ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៤ កម្មវិធីផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់ឯកសារបច្ចេកទេស ស្តីពី «រៀនតាមរយៈការលេង និងបរិស្ថាន»

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានចូលរួមជាអធិបតី ក្នុងពិធី ផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់ឯកសារបច្ចេកទេស ស្តីពី «រៀនតាមរយៈការលេង និងបរិស្ថាន» និងមានការអញ្ជើញចូលរួមពី ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា​ ព្រះតេជគុណ Kyoei Wakabayashi ប្រធានសមាគមន៍សន្តិស្ម័គ្រចិត្ត ប្រចាំប្រទេសជប៉ុន ថ្នាក់ដឹកនាំ និងតំណាងអង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួងអប់រំ យុវជន និងកីឡា មន្ត្រីជំនាញនៃមន្ទីរអប់រំ យុវជន និងកីឡារាជធានី-ខេត្ត នាយក/នាយិកាសាលាមត្តេយ្យសិក្សាពីខណ្ឌទាំង១២ ក្នុងរាជធានីភ្នំពេញ និងតំណាងដៃគូអភិវឌ្ឍ សរុបចំនួន ១៣៧នាក់។

កម្មវិធីនេះធ្វើឡើងក្នុងគោលបំណង ដើម្បីផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវឯកសារចំនួន ៣ក្បាល ក្នុងនោះរួមមាន ឯកសារស្តីពីការរៀនតាមរយៈការលេង និងបរិស្ថាន ,ការផលិត សម្ភារៈល្បែង ,និងរឿងនិទានសម្រាប់មត្តេយ្យសិក្សា ដែលសុទ្ធសឹងជាឯកសារបច្ចេកទេសសម្រាប់បម្រើដល់ការអប់រំកុមារតូច និង ជាឯកសារគាំទ្រដល់ការអនុវត្តកម្មវិធីសិក្សាសម្រាប់មត្តេយ្យសិក្សានៅកម្ពុជា ក៏ដូចជា ប្រកាសដាក់ឱ្យអនុវត្តទ្រឹស្ដី “ការរៀនតាមរយៈការលេង និងបរិស្ថាន» ។ មានប្រសាសន៍ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ លោកជំទាវ រដ្ឋលេខាធិការប្រចាំការ និងជាប្រធានគណៈកម្មការគ្រប់គ្រងគម្រោង និងក្រុមការងារនាយកដ្ឋានអប់រំកុមារតូច អង្គការពាក់ព័ន្ធដូចជា ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) និង សាជីវកម្មសុខុមាលភាពសង្គម ថិនរីយូ កូសេកៃ (Tenryu Koseikai -TKK) ប្រចាំប្រទេសជប៉ុន ដែលបានឧបត្ថម្ភគាំទ្រថវិកា និងបច្ចេកទេសក្នុងការអនុវត្តគម្រោងឱ្យទទួលបានសមិទ្ធផលគួរជាទីមោទនៈនាថ្ងៃនេះ ក៏ដូចជាថ្លែងអំណរគុណអង្គការ សមាគមន៍សន្តិស្ម័គ្រចិត្ត (SVA) ដែលបានចូលរួមគាំទ្រវិស័យអប់រំនៅកម្ពុជា ចាប់តាំងពីឆ្នាំ១៩៨១ ដោយបានបង្កើតសមិទ្ធផលជាច្រើនលើផ្នែកបោះពុម្ព, សាងសង់អគារសិក្សា អគារបណ្ណាល័យ ,អគារមជ្ឈមណ្ឌលសិក្សាសហគមន៍, ព្រមទាំងជួសជុលអគារ , ជួយផ្តល់វគ្គបំប៉នបច្ចេកទេសគ្រប់គ្រងបណ្ណាល័យ,សកម្មភាពបណ្ណាល័យចល័ត, ការនិទានរឿងដល់សាលាបឋមសិក្សា, និងមជ្ឈមណ្ឌលសិក្សាសហគម និង បានសម្រេចសមិទ្ធផលនៃគម្រោងអប់រំកុមារតូចជំហានទី១ និងគម្រោងជំហានទី២ សរុប១០០សាលារៀន ដែលបានផ្តល់ផលជះជាវិជ្ជមាន ក្នុងការលើកកម្ពស់ការអប់រំកុមារតូចនៅកម្ពុជា ផងដែរ។

ក្រសួងអប់រំ យុវជន និងកីឡាកំពុងអនុវត្តដោយម៉ឺងម៉ាត់នូវ អនុសាសន៍របស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញវិធានការគន្លឹះចំនួន៤ ដោយផ្តោតជាសំខាន់លើការពង្រឹងគុណភាពសាលារៀនសាធារណៈចាប់ពីកម្រិតមត្តេយ្យសិក្សាដល់មធ្យមសិក្សា៖ (ទី១). ការពង្រឹងអភិបាលកិច្ចសាលារៀន (ទី២). ការពិនិត្យ កែសម្រួល និងរៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សាឱ្យស្របទៅតាមតម្រូវការក្នុងការពង្រឹងចំណេះដឹង វិន័យសីលធម៌ និងឥរិយាបថរបស់សិស្ស (ទី៣). ការយកចិត្តទុកដាក់លើសុខភាពរបស់សិស្សតាមរយៈកម្មវិធីអាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលារៀន (ទី៤).ការជំរុញនិងលើកទឹកចិត្តការចូលរួមរបស់មាតាបិតា អាណាព្យាបាល និង សហគមន៍ ក្នុងការអប់រំស្របតាមពាក្យស្លោក “ភាពជាដៃគូរដ្ឋ និងសហគមន៍ ដើម្បីការអប់រំ”។ ជាការឆ្លើយតបទៅនឹងវិធានការគន្លឹះរបស់រាជរដ្ឋាភិបាល ក្រសួងបានសម្រួចអាទិភាពកំណែទម្រង់របស់ខ្លួន ដោយបានដាក់ចេញនូវស្តង់ដាសាលារៀនគំរូ ចាប់ពីកម្រិតមត្តេយ្យសិក្សាដល់កម្រិតមធ្យមសិក្សា ដែលផ្តោតលើស្តង់ដាសាលារៀនគំរូចំនួនប្រាំ ៖ ស្តង់ដាទី១៖ លទ្ធផលសិក្សារបស់សិស្ស, ស្តង់ដាទី២៖ ការបង្រៀននិងរៀន, ស្តង់ដាទី៣៖ ការចូលរួមរបស់សហគមន៍, ស្តង់ដាទី៤៖ ដំណើរប្រតិបត្តិការ និងរដ្ឋបាលសាលារៀន, ស្តង់ដាទី៥៖ គណនេយ្យភាពរបស់សាលារៀន។

ជាមួយនេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានឱ្យដឹងថា កម្មវិធីលម្អិតមត្តេយ្យសិក្សា បានកំណត់គោលដៅរួមដោយជំរុញការអនុវត្តសកម្មភាព «ការសិក្សារៀនសូត្ររបស់កុមារចាប់ផ្តើមពីការប្រើប្រាស់ញ្ញាណ និងចិត្តចលភាព តាមរយៈសកម្មភាពលេង និងសកម្មភាពផ្ទាល់របស់កុមារ» ដែលសកម្មភាពនេះបានបង្កប់នូវអាថ៌កំបាំងសមត្ថភាពរបស់កុមារ ដែលមិននឹកស្មានដល់។ ហេតុនេះ «រៀនតាមរយៈការលេងនិងបរិស្ថាន» ឬ «លេងគឺរៀន រៀនគឺលេង» ជាវិធីសាស្ត្រ មួយដ៏សំខាន់ក្នុងការអនុវត្តកម្មវិធីមត្តេយ្យសិក្សា ដែលឆ្លើយតប៖ ការអភិវឌ្ឍផ្នែករាងកាយ និងសុខភាព , ការអភិវឌ្ឍផ្នែកសីលធម៌ និងវប្បធម៌ , ការអភិវឌ្ឍផ្នែកសង្គម និងអារម្មណ៍ , ការអភិវឌ្ឍផ្នែកការយល់ដឹងនិងការគិត និង ការអភិវឌ្ឍផ្នែកភាសា។

ទន្ទឹមនឹងការប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការឯកសារស្ដីពី ការរៀបចំ បរិស្ថានសិក្សាតាមរយៈការលេង ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ស្នើអង្គភាពជំនាញពាក់ព័ន្ធ និងមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្តទាំងអស់ សូមយកចិត្តទុកដាក់ខ្ពស់ ក្នុងការអនុវត្តកម្មវិធីសិក្សាសម្រាប់ មត្តេយ្យសិក្សា ដោយត្រូវ៖ (ទី១).ផ្សព្វផ្សាយបន្តដល់គ្រប់សាលានិងថ្នាក់មត្តេយ្យសិក្សា ដើម្បីចូលរួមជំរុញការអនុវត្តឯកសារបច្ចេកទេសស្តីពី ការរៀបចំបរិស្ថានសិក្សាតាមរយៈការលេង រឿងនិទាន និងការផលិតសម្ភារៈល្បែងសម្រាប់កុមារតូច (ទី២). អង្គភាពជំនាញត្រូវពិនិត្យឡើងវិញ និងដាក់ឱ្យអនុវត្តតេស្តកុមារតូចកម្រិតមត្តេយ្យសិក្សាឡើងវិញ ដើម្បីរៀបចំក្របខ័ណ្ឌរង្វាយតម្លៃសមត្ថភាពកុមារឱ្យបានសមស្របទៅតាមការអភិវឌ្ឍចិត្តសង្គមរបស់កុមារតូច (ទី៣). សាលាមត្តេយ្យសិក្សានិងថ្នាក់មត្តេយ្យសិក្សាគ្រប់រូបភាព ត្រូវរៀបចំបរិស្ថានសិក្សាក្នុងនិងក្រៅថ្នាក់ ឱ្យស្របតាមលក្ខណៈបច្ចេទេសនៃការអនុវត្តកម្មវិធីសិក្សា (ទី៤). សាលាមត្តេយ្យសិក្សានិងថ្នាក់មត្តេយ្យសិក្សាគ្រប់រូបភាព ត្រូវបន្តយកចិត្តទុកដាក់ ក្នុងការអនុវត្តវិធានការថែទាំសុខភាព និងអនាម័យ សម្រាប់កុមារតូច (ទី៥). សាលាមត្តេយ្យសិក្សានិងថ្នាក់មត្តេយ្យសិក្សាគ្រប់រូបភាព ត្រូវចូលរួម និងជំរុញការអនុវត្តស្តង់ដាសាលាមត្តេយ្យសិក្សាគំរូ ឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីជាប្រយោជន៍សម្រាប់កុមារតូចនៅកម្ពុជា៕

0 Comments:

Post a Comment

KKK
Share This