ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចុះពិនិត្យវឌ្ឍនភាពគម្រោងកែលម្អ និងស្តារឡើងវិញប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកភាគនិរតីរាជធានីភ្នំពេញ ~ គេហទំព័រ អេអឹមអឹម ហតញូស្តិ៍ -->
សូមស្វាគមន៍ គេហទំព័រ អេអឹមអឹម ហតញូស្តិ៍ មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /
សូមស្វាគមន៍ www.ammhotnews.com / មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /

ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចុះពិនិត្យវឌ្ឍនភាពគម្រោងកែលម្អ និងស្តារឡើងវិញប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកភាគនិរតីរាជធានីភ្នំពេញ

ចំនួនអ្នកទស្សនា : Views

 ភ្នំពេញ :នៅព្រឹកថ្ងៃអាទិត្យ ៣រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដោយឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តមថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងកែលម្អ និងស្តារឡើងវិញប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកភាគនិរតីរាជធានីភ្នំពេញ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ។

សូមជម្រាបថា គម្រោងកែលម្អ និងស្តារឡើងវិញប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកភាគនិរតីរាជធានីភ្នំពេញ ក្រោមជំនួយអភិវឌ្ឍន៍របស់ប្រទេសជប៉ុន បានចាប់ផ្តើមដំណើរការសាងសង់កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ និងគ្រោងបញ្ចប់ការសាងសង់ក្នុងខែមិថុនា ឆ្នាំ២០២៦ ខាងមុខ។

ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍ថា គិតមកដល់ពេលនេះវឌ្ឍនភាពជារួមនៃអនុគម្រោងទាំងពីរគឺ អនុគម្រោងរលាំងជ្រៃ និងអនុគម្រោងកណ្តាលស្ទឹងបាទីសម្រេចបានប្រមាណ១០% នៃទំហំការងារសរុប។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍លើកឡើងថា ដោយសារគម្រោងនេះកំពុងអនុវត្តមានតម្រូវការបិទទ្វារទឹករលាំងជ្រៃ បានបណ្តាលឱ្យផ្នែកខ្លះនៃក្រុងច្បារមន ស្រុកសំរោងទង និងស្រុកគងពិសី នៃខេត្តកំពង់ស្ពឺ មានស្ថានភាពខ្វះខាតទឹកប្រើប្រាស់ និងប៉ះពាល់ដល់ការងារស្រោចស្រពផលដំណាំរបស់បងប្អូនប្រជាកសិករនៅផ្នែកខាងក្រោម។

ឆ្លើយតបចំពោះបញ្ហានេះ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា ក្រសួងធនធានទឹក និងឧតុនិយម មន្ទីរធនធានទឹកខេត្ត រួមជាមួយអាជ្ញាធរពាក់ព័ន្ធក៏ដូចជា JICA កំពុងដុតដៃដុតជើងដោះស្រាយបញ្ហាខ្វះខាតទឹកនេះ ដោយធ្វើយ៉ាងណាអាចឱ្យប្រជាពលរដ្ឋមានទឹកប្រើប្រាស់ដូចដើម និងបានបញ្ជាឱ្យបើកទ្វារទឹកមេរលាំងជ្រៃឡើងវិញ។

សូមបញ្ជាក់ថា មុនពេលចាប់ផ្តើមអនុវត្តគម្រោង មន្ទីរធនធានទឹក និងឧតុនិយមខេត្ត និងរដ្ឋបាលខេត្តកំពង់ស្ពឺក៏បានជូនដំណឹងជាមុនផងដែរ ពាក់ព័ន្ធនឹងកង្វះខាតទឹកប្រើប្រាស់ប្រចាំថ្ងៃ តាមរយ:លិខិតលេខ ៥៣៤/២៣សជណ ចុះថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តកំពង់ស្ពឺ។ ជាក់ស្តែងកាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ គម្រោងបានសាងសង់ទំនប់ពង្វាងទឹកនៅផ្នែកខាងលើនៃសំណង់មេស្ទាក់ទឹករលាំងជ្រៃ និងបានបិទទ្វារទឹកដើម្បីពិនិត្យគុណភាពសំណង់ ដោយបង្វែរចរន្តទឹកតាមវារីអគ្គិសនីខ្នាតតូចចុះទៅផ្នែកខាងក្រោមនៃស្ទឹងព្រែកត្នោត ដែលធ្វើឱ្យប៉ះពាល់ដល់ការផ្គត់ផ្គង់ទឹកប្រចាំថ្ងៃរបស់ស្ថានីយផ្គត់ផ្គង់ទឹកស្អាតចំនួន ៥ ដែលយកទឹកពីប្រឡាយមេរលាំងជ្រៃខាងត្បូង ជូនដល់ប្រជាពលរដ្ឋរស់នៅផ្នែកខាងក្រោមនៃទ្វារទឹកមេរលាំងជ្រៃ ក្នុងក្រុងច្បារមន ស្រុកសំរោងទង និងស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងនូវការកោតសរសើរចំពោះវឌ្ឍនភាព នៃគម្រោងដែលសម្រេចបាន ព្រមទាំងមានប្រសាសន៍ណែនាំដល់មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ ឱ្យខិតខំធ្វើយ៉ាងណាសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ ដើម្បីបញ្ជូនទឹកឱ្យដល់បងប្អូនដែលនៅផ្នែកខាងក្រោមក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ខេត្តតាកែវ និងខេត្តកណ្តាលបានប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃនិងផ្គត់ផ្គង់ដល់ការស្រោចស្រពដំណាំកសិកម្មដែលកំពុងប្រឈមការខ្វះទឹក។

គួរបញ្ជាក់ថា គម្រោងកែលម្អ និងស្តារឡើងវិញប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកភាគនិរតីរាជធានីភ្នំពេញបានបែងចែកអនុវត្តជាពីរអនុគម្រោងគឺ ទី១)អនុគម្រោងរលាំងជ្រៃដែលស្ថិតនៅក្រុងច្បារមន និងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានប្រភពទឹកពីស្ទឹងព្រែកត្នោត ដោយជួសជុលប្រឡាយមេខាងជើង ចំនួន ១ខ្សែ មានប្រវែង ១១,៧០គីឡូម៉ែត្រ ជួសជុលប្រឡាយមេខាងត្បូងចំនួន ១ខ្សែ មានប្រវែង ១២,៦០ គីឡូម៉ែត្រ និងសាងសង់សំណង់ពាក់ព័ន្ធសរុបចំនួន ២០៧កន្លែង និង ទី២)អនុគម្រោងកណ្តាលស្ទឹងបាទី ស្ថិតនៅក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងស្រុកបាទី ខេត្តតាកែវ មានប្រភពទឹកពីស្ទឹងព្រែកត្នោត និងស្ទឹងតូច ដោយត្រូវសាងសង់ទំនប់សណ្តស្ទឹងតូចចំនួន ១ខ្សែ មានប្រវែង ៩,៤០ គីឡូម៉ែត្រ សាងសង់ប្រឡាយមេបេតុងនាំទឹកទៅទន្លេបាទីចំនួន ១ខ្សែ មានប្រវែង ៤គីឡូម៉ែត្រ និងសាងសង់សំណង់ពាក់ព័ន្ធសរុប ៣៣កន្លែង៕ ផ្សាយដោយ៖dara

0 Comments:

Post a Comment

KKK
Share This