(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការអាវុធហត្ថលើផ្ទៃ បានបញ្ជាក់យ៉ាងច្បាស់ៗថា សម្រាប់យោធិន នៃកងរាជអាវុធហត្ថណាដែលបង្កស្លាប់ដោយខ្លួនឯង មិនទទួលបានការឧបត្ថម្ភថវិកាគោលនយោបាយ ពីមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថឡើយ។ ចំពោះបទបញ្ជានេះ នាយឧត្តមសេនីយ៍ បានលើកឡើងជាឧទាហរណ៍ជាក់ស្តែង គឺសំដៅការបង្កស្លាប់ដោយខ្លួនឯង មានដូចជា៖ ករណីចេញក្រៅទីតាំងបន្ទាយ ឬសាលា ដោយគ្មានការអនុញ្ញាត ទៅផឹកស៊ីស្រវឹង ហើយបើកបរបង្កគ្រោះថ្នាក់ដល់អាយុជីវិតខ្លួនឯង...។ល។
ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ សៅ សុខា ក៏បានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ក្នុងគោលបំណងពង្រឹងវិន័យកងទ័ព និងអប់រំឱ្យយោធិន នៃកងរាជអាវុធហត្ថទាំងអស់ គោរពច្បាប់ចរាចរណ៍ ដើម្បីកាត់បន្ថយការគ្រោះថ្នាក់នៅក្នុង សង្គមជាតិ។
បទបញ្ជារបស់នាយឧត្តមសេនីយ៍ សៅ សុខា ទាំងនេះ ត្រូវបានមេបញ្ជាការអាវុធហត្ថតាមរាជធានី-ខេត្ត យកទៅផ្សព្វផ្សាយជូនកម្លាំងរបស់ខ្លួន នាថ្ងៃទី៨-៩ ខែមករា ឆ្នាំ២០២៤នេះ។
ជាការកត់សម្គាល់ កងរាជអាវុធហត្ថ ក្រោមការដឹកនាំគ្រប់គ្រងរបស់នាយឧត្តមសេនីយ៍ សៅ សុខា បានយកចិត្តទុកដាក់ខ្ពស់ចំពោះជីវភាពរស់នៅ និងសុខភាពរបស់កងទ័ពជាប្រចាំ។ កន្លងទៅ នាយឧត្តមសេនីយ៍ បានផ្តួចផ្តើម គំនិតបង្កើតមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថ ហើយយោធិន នៃកងរាជអាវុធហត្ថគ្រប់រូប បានគាំទ្រយ៉ាងពេញទំហឹង និងស្ម័គ្រចិត្តចូលបុណ្យតាមរយៈមូលនិធិនេះ។
ថវិកានៃមូលនិធិនេះ បានយកទៅឧបត្ថម្ភជូនដល់គ្រួសារ នៃយោធិននៃកងរាជអាវុធហត្ថដែលបានពលី មរណៈ ដើម្បីជួយចំណាយក្នុងការរៀបចំបុណ្យសព និងសល់ពីនោះ អាចប្រើប្រាស់ទំនុបបម្រុងក្នុងគ្រួសារទៀតផង។
កងរាជអាវុធហត្ថ បានធ្វើការអប់រំផ្សព្វផ្សាយដល់នាយទាហាន នាយទាហានរង និងពលទាហាននៃកងរាជអាវុធហត្ថគ្រប់រូប គ្រប់ស្ថាប័ន អង្គភាព ឱ្យចូលរួមការអនុវត្តច្បាប់ និងខ្លួនឯងម្នាក់ៗ ត្រូវតែជាគំរូក្នុងការគោរពច្បាប់នានា។
កន្លងទៅ កងរាជអាវុធហត្ថ បានលុបឈ្មោះចេញពីក្របខណ្ឌគ្រប់គ្រងចំពោះយោធិន នៃកងរាជអាវុធហត្ថដែលប្រើប្រាស់គ្រឿងញៀន និងអនុវត្តច្បាប់ កសាងសំណុំរឿងបញ្ជូនទៅតុលាការចំពោះបុគ្គលណាដែលប្រព្រឹត្តបទល្មើស។ ទាំងនេះ គឺជាការចូលរួមចំណែក ក្នុងការទប់ស្កាត់ប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀនខុសច្បាប់ និងអំពើល្មើសច្បាប់ចរាចរ ។ល។
តាំងពីម្សិលមិញថ្ងៃទី៨ ខែមករា ដល់ពេលនេះ គ្រប់ស្ថាប័ន និងអង្គភាពកងរាជអាវុធហត្ថ បាននិងកំពុងធ្វើការអប់រំផ្សព្វផ្សាយនូវបទបញ្ជារបស់នាយឧត្តមសេនីយ៍ មេបញ្ជាការកងរាជអាវុធហត្ថផ្ទៃប្រទេស៕
0 Comments:
Post a Comment