(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានស្នើរដ្ឋបាលរាជធានីខេត្ត តាមរយៈការសម្របសម្រួលរបស់មន្ទីរព័ត៌មានរាជធានីខេត្ត រៀបចំដំណើរទស្សនកិច្ចរបស់អ្នកសារព័ត៌មានទៅកាន់មូលដ្ឋាន ក្រុង ស្រុក ខណ្ឌ ដើម្បីឈ្វេងយល់ពីការអភិវឌ្ឍរីកចម្រើន និងបញ្ហាប្រឈមនានារបស់ខេត្តក្រុងស្រុកខណ្ឌ និងផ្សព្វផ្សាយដល់ពលរដ្ឋឱ្យបានយល់ដឹងនិងចូលរួមសហការ។
ការស្នើនេះធ្វើឡើងក្នុងឱកាសដែលលោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តព្រៃវែង និងអ្នកសារព័ត៌មាន កាលពីរសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤នេះ នៅមន្ទីរព័ត៌មានខេត្តព្រៃវែង។
លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក៏បានលើកទឹកចិត្តមន្ត្រីទាំងអស់តាមរយៈការទទួលស្គាល់នូវកិច្ចខិតខំប្រឹងប្រែងនិងផ្តល់បណ្ណសរសើរដល់ មន្ត្រីនៃមន្ទីរព័ត៌មានខេត្តព្រៃវែងទាំងអស់។
លោក នេត្រ ភក្ត្រា បានថ្លែងដូចនេះថា៖ «ក្នុងស្មារតីបុរេសកម្ម និងសកម្ម, ខ្ញុំស្នើសុំរដ្ឋបាលខេត្តព្រៃវែងរៀបចំដំណើរទស្សនកិច្ចសិក្សាជូនបងប្អូនអ្នកសារព័ត៌មាន នៅក្នុងខេត្តដើម្បីពួកគាត់បានដឹងនិងយល់ពីសក្តានុពល គម្រោងអភិវឌ្ឍ សមិទ្ធផលសម្រេចដែលរាជរដ្ឋាភិបាល រដ្ឋបាលខេត្តសម្រេចបានសម្រាប់ខេត្តខ្លួន និងផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋបានដឹងបន្ថែមទៀតពីអ្វីដែលខ្លួនបានខិតខំប្រឹងប្រែងផ្សព្វផ្សាយតាមរយៈប្រព័ន្ធផ្សព្វផ្សាយដែលខេត្តមាន»។
លោកបានគូសបញ្ជាក់ថា រដ្ឋបាលខេត្តក្រុងស្រុក ខិតខំបម្រើពលរដ្ឋយ៉ាងសកម្ម ហើយសមិទ្ធផលជាច្រើនត្រូវបានសម្រេច។ ដូច្នេះយើងត្រូវខិតខំប្រឹងប្រែង ផ្សព្វផ្សាយឱ្យបានទូលំទូលាយបន្ថែមទៀតដើម្បីប្រជាពលរដ្ឋកាន់តែទទួលបានព័ត៌មាន និងយល់ដឹងពីគោលនយោបាយរបស់រាជរដ្ឋាភិបាល និងដំណើរការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិ។
លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកទឹកចិត្តនិងជំរុញឱ្យមានកិច្ចសហការកាន់តែខ្លាំងឡើងថែមទៀតរវាងអាជ្ញាធរមានសមត្ថកិច្ចដែលជាប្រភពព័ត៌មាន និងបងប្អូនអ្នកសារព័ត៌មានព្រោះអាជ្ញាធរ និងអ្នកសារព័ត៌មានជាដៃគូមិនអាចខ្វះបានក្នុងកិច្ចការផ្សព្វផ្សាយព័ត៌មាន។ អ្នកសារព័ត៌មានត្រូវការប្រភពព័ត៌មានដើម្បីជាមូលដ្ឋាននៃការសរសេរអត្ថបទព័ត៌មានរបស់ខ្លួន ចំណែកអាជ្ញាធរត្រូវការអ្នកសារព័ត៌មាន ដើម្បីផ្សព្វផ្សាយព័ត៌មានពីអាជ្ញាធរទៅកាន់ប្រជាពលរដ្ឋ និងទទួលបាននូវមតិយោបល់ត្រឡប់មកវិញដើម្បីឆ្លើយតបនឹងការចង់បានរបស់ប្រជាពលរដ្ឋ បន្តបម្រើប្រជាពលរដ្ឋកាន់តែខ្លាំង និងបង្កើនប្រសិទ្ធភាពការងារ។
«អាជ្ញាធរ និងអ្នកសារព័ត៌មានជាតួអង្គយ៉ាងសំខាន់ក្នុងការធានាបាននូវសិទ្ធិទទួលព័ត៌មានរបស់ប្រជាពលរដ្ឋ។ យើងទាំងអស់គ្នាត្រូវខិតខំប្រឹងប្រែងផ្សព្វផ្សាយការពិតំ្យបានច្រើនដើម្បីពង្រឹងការយល់ដឹងរបស់ប្រជាពលរដ្ឋ និងចូលរួមទប់ស្កាត់ព័ត៌មានក្លែងក្លាយ»។ នេះជាការគូសបញ្ជាក់របស់លោក នេត្រ ភក្ត្រា ជូនចំពោះមន្ត្រីនិងអ្នកសារព័ត៌មាននៅខេត្តព្រៃវែង មុននឹងថ្លែងអំណរគុណចំពោះមន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តព្រៃវែងទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយការទទួលខុសត្រូវ និងវិជ្ជាជីវៈ។
លោករដ្ឋមន្ត្រី បានលើកទឹកចិត្តដល់មន្ត្រីនិងអ្នកសារព័ត៌មាន បន្តពង្រឹងសមត្ថភាពខ្លួនជាប្រចាំ និងអនុវត្តបាននូវក្រមសីលធម៌វិជ្ជាជីវៈដែលជាអាវក្រោះការងារបងប្អូនអ្នកសារព័ត៌មាន៕
0 Comments:
Post a Comment