នៅព្រឹកថ្ងៃចន្ទ ៤កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២៣ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៤ របស់សាលាភូមិន្ទរដ្ឋបាល។
សាលាភូមិន្ទរដ្ឋបាល ជាគ្រឹះស្ថានបណ្តុះបណ្តាលសាធារណៈមួយ ដែលមានបេសកកម្មពិសេសសំខាន់ៗចំនួន៣ ក្នុងការគាំទ្រដល់ការអភិវឌ្ឍធនធានមនុស្ស ឱ្យឆ្លើយតបតម្រូវការអភិវឌ្ឍជាតិ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។ បេសកកម្មទាំង៣នោះ រួមមាន៖ ១) ជ្រើសរើស និងបណ្តុះបណ្តាលសិស្សមន្ត្រីជាន់ខ្ពស់ និងសិស្សមន្ត្រីក្រមការ ក៏ដូចជាផ្តល់ការបណ្តុះបណ្តាលដំបូង ដល់មន្ត្រីដែលទើបបានជ្រើសរើសថ្មីក្នុងក្របខណ្ឌនៃវិស័យរដ្ឋបាល, ២) រៀបចំផ្តល់ការបណ្តុះបណ្តាលបន្ត តាមរយៈវគ្គវិក្រឹតការ ការបណ្តុះបណ្តាលជំនាញរយៈពេលខ្លី សន្និសីទ សិក្ខាសាលា និងការរៀបចំកម្មវិធីចែករំលែកចំណេះដឹង បទពិសោធពាក់ព័ន្ធវិស័យសាធារណៈដល់សិស្ស និស្សិត មន្ត្រីរាជការ មន្ត្រីសាធារណៈ ក៏ដូចជាមន្ត្រីដទៃទៀត និងទី៣) ធ្វើការសិក្សាស្រាវជ្រាវ ចងក្រង និងផ្សព្វផ្សាយនវានុវត្តន៍ និងឧត្តមានុវត្តលើផ្នែកគោលនយោបាយសាធារណៈ ការគ្រប់គ្រងសាធារណៈ រដ្ឋបាល សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងទំនាក់ទំនងអន្តរជាតិ។
សាលាភូមិន្ទរដ្ឋបាលសម្រេចបាននូវលទ្ធផលគួរជាទីមោទនៈជាបន្តបន្ទាប់ សម្រាប់ការអនុវត្តសកម្មភាពអភិវឌ្ឍធនធានមនុស្សក្នុងវិស័យសាធារណៈ។ ចាប់តាំងពីការបើកឱ្យដំណើរការឡើងវិញ រយៈពេលជាង៣០ឆ្នាំមកនេះ ពោលគឺចាប់ពីឆ្នាំ១៩៩២ មកដល់ ឆ្នាំ២០២៣ សម្រេចបាននូវការបណ្តុះបណ្តាលមន្រ្តីរាជការ ទាំងវគ្គសិក្សារយៈពេលវែង និងវគ្គសិក្សារយៈពេលខ្លី សរុបចំនួន ២៣,៨១៨នាក់ មាននារី ៥,០១៧នាក់។ ក្នុងនោះ៖ សិស្សមន្រ្តីជាន់ខ្ពស់ និងសិស្សមន្ត្រីក្រមការ ចំនួន ១,៦០៩នាក់ នារី ៤០៤នាក់, កម្មសិក្សាការីមន្រ្តីជាន់ខ្ពស់ មន្ត្រីមធ្យម មន្ត្រីគ្រប់គ្រងរដ្ឋបាល និងមន្ត្រីក្រមការ ចំនួន ៧,២៩៤នាក់ នារី ១,០៨៨នាក់, មន្រ្តីក្របខណ្ឌថ្មីតាមក្រសួង ស្ថាប័នចំនួន ៥,៤៣៤ នាក់ នារី ២,១១៨នាក់, វគ្គបណ្តុះបណ្តាលរយៈពេលខ្លី ចំនួន ៩,៤៨១នាក់ នារី ១,៤០៧នាក់។
ដោយឡែកជ័យលាភី ដែលត្រូវទទួលសញ្ញាបត្រ និងវិញ្ញាបនបត្រឆ្នាំ២០២៣ មានចំនួនសរុប ៧៩៤អង្គ/នាក់ នារី ១៨៩នាក់។ ក្នុងនោះ សិស្សមន្ត្រីជាន់ខ្ពស់ ជំនាន់ទី១២ «កម្ពុជាក្នុងបេះដូងខ្ញុំ» ចំនួន ៩២នាក់ នារី ៣១នាក់, សិស្សមន្ត្រីក្រមការ ជំនាន់ទី១០ «ប្រជាជាតិជាចម្បង» ចំនួន ១១៥នាក់ នារី ៣៤នាក់, កម្មសិក្សាការីមន្ត្រីជាន់ខ្ពស់ ចំនួន ១៨៥នាក់ នារី ២៣នាក់, កម្មសិក្សាការីមន្ត្រីមធ្យម ចំនួន ៣០៧នាក់ នារី ៦៩នាក់, កម្មសិក្សាការីមន្ត្រីគ្រប់គ្រងរដ្ឋបាល ចំនួន ៧៥នាក់ នារី ២៥នាក់ និងកម្មសិក្សាការីមន្ត្រីក្រមការ ចំនួន ២០នាក់ នារី ៧នាក់។
សម្រាប់ឆ្នាំ២០២៤ សាលាភូមិន្ទរដ្ឋបាលបានបើកវគ្គបណ្តុះបណ្តាលបន្តសម្រាប់កម្មសិក្សាការី មន្ត្រីជាន់ខ្ពស់, មន្ត្រីគ្រប់គ្រងរដ្ឋបាល, មន្ត្រីមធ្យម, មន្ត្រីក្រមការ ដែលមានចំនួនសរុប ៣៩៣អង្គ/នាក់ (នារី ៨២នាក់)។ បន្ថែមលើចំនួនខាងលើ សាលាភូមិន្ទរដ្ឋបាល បាននិងកំពុងបើកវគ្គបណ្តុះបណ្តាលតម្រង់ទិសមន្ត្រីក្របខណ្ឌថ្មី ឆ្នាំ២០២៣ មកពីក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិចំនួន ២,០២៤នាក់ នារី ៨៧៩នាក់, វគ្គបណ្តុះបណ្តាលរយៈពេលខ្លី សរុបចំនួន ៦០៣នាក់ នារី ១៦៦ និងវគ្គផ្សេងៗទៀតក្នុងក្របខណ្ឌជាមួយក្រសួង-ស្ថាប័នថ្នាក់ជាតិ គ្រឹះស្ថានបណ្តុះបណ្តាលអន្តរជាតិ និងដៃគូអភិវឌ្ឍផងដែរ។
ក្នុងចំណោមការបណ្តុះបណ្តាលរយៈពេលខ្លីខាងលើ សាលាភូមិន្ទរដ្ឋបាលបានរៀបចំវគ្គបណ្តុះបណ្តាលពិសេសចំនួន៣ ក្នុងត្រីមាសទី១ ឆ្នាំ២០២៤ មានដូចជា វគ្គបណ្តុះបណ្តាលថ្នាក់ដឹកនាំ និងគ្រប់គ្រងនៃក្រសួង-ស្ថាប័ន (សម្រាប់តំណែងរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង រហូតដល់ប្រធាននាយកដ្ឋាន ឬតំណែងប្រហាក់ប្រហែល), វគ្គបណ្តុះបណ្តាលមន្ត្រីខុទ្ទកាល័យរបស់ក្រសួង-ស្ថាប័ន និងវគ្គបណ្តុះបណ្តាលថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរមុខងារសាធារណៈរាជធានី-ខេត្ត។
វគ្គបណ្តុះបណ្តាលទាំងនេះ ត្រូវបានរៀបចំឡើងដើម្បីគាំទ្រដល់ការបំពេញតួនាទី និងភារកិច្ចរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ដែលទើបចូលកាន់មុខតំណែងនៅតាមក្រសួង ស្ថាប័ន និងការបំពេញការងារថ្មីៗ នៅដើមនីតិកាលទី៧ នៃរដ្ឋសភា។
លើសពីនេះ ដើម្បីគាំទ្រដល់ការលើកកម្ពស់សមត្ថភាពរដ្ឋបាលថ្នាក់ក្រោមជាតិ រាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ ស្របតាមគោលនយោបាយ និងការសម្រេចរបស់រាជរដ្ឋាភិបាលក្នុងនីតិកាលទី៧ នៃរដ្ឋសភា សាលាភូមិន្ទរដ្ឋបាលបាន និងកំពុងរៀបចំការពិនិត្យវាយតម្លៃអំពីសេចក្តីត្រូវការធនធានមនុស្ស ការត្រៀម រៀបចំការជ្រើសរើស និងបណ្តុះបណ្តាលសិស្សមន្ត្រីជាន់ខ្ពស់ សិស្សមន្ត្រីក្រមការឱ្យឆ្លើយតបនឹងស្ថានភាពជាក់ស្តែងផងដែរ។
ជាទិសដៅបន្ត សាលានឹងខិតខំបន្តកែទម្រង់ការដឹកនាំ គ្រប់គ្រង និងលើកកម្ពស់គុណភាពនៃការបណ្តុះបណ្តាល ការធ្វើទំនើបកម្មកម្មវិធីបណ្តុះបណ្តាល ព្រមទាំងការសិក្សាស្រាវជ្រាវ ឱ្យស្របតាមយុគសម័យឌីជីថលនិងការរីកចម្រើនក្នុងក្របខណ្ឌតំបន់ និងពិភពលោកពិសេសដើម្បីឆ្លើយតបនឹងគោលបំណងនៃ «យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១» ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដែលផ្តោតលើអភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋឱ្យក្លាយជារដ្ឋបាលសាធារណៈទំនើប ប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ។
ក្នុងន័យនេះ ដើម្បីរួមចំណែកឱ្យបានកាន់តែសកម្ម និងមានប្រសិទ្ធភាពក្នុងការកសាង និងអភិវឌ្ឍធនធានមនុស្សក្នុងវិស័យសាធារណៈ សាលាភូមិន្ទរដ្ឋបាលនឹងបន្តពង្រឹង និងពង្រីកកិច្ចសហការល្អជាមួយក្រសួង-ស្ថាប័ននៅថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដោយផ្តោតការយកចិត្តទុកដាក់លើការរៀបចំ និងបើកវគ្គបណ្តុះបណ្តាល ឱ្យឆ្លើយតបនឹងសេចក្តីត្រូវការនៃការអភិវឌ្ឍសមត្ថភាពមន្រ្តីរាជការ ឈរលើបាវចនា វិន័យ គុណភាព គុណធម៌ និងនវានុវត្តន៍។
ផ្អែកលើស្មារតីខាងលើ សាលាភូមិន្ទរដ្ឋបាលបានកំណត់ចក្ខុវិស័យរបស់ខ្លួនយ៉ាងច្បាស់លាស់ និងមុតមាំ តាមរយៈផែនការយុទ្ធសាស្ត្រ (២០២១-២០២៥) ដើម្បីអភិវឌ្ឍខ្លួនជាស្ថាប័នឈានមុខលើ គុណភាព និងនវានុវត្តន៍ ដោយបានដាក់ចេញនូវយុទ្ធសាស្ត្រចំនួន ៤ រួមមាន៖
១៖ ការអភិវឌ្ឍសមត្ថភាពមន្ត្រី និងការលើកកម្ពស់សមិទ្ធកម្ម ដែលផ្តោតលើសកម្មភាពបណ្តុះបណ្តាលមន្ត្រី ការចែករំលែកចំណេះដឹង និងបទពិសោធ ការពង្រឹងសមត្ថភាពដឹកនាំ និងគ្រប់គ្រងអង្គភាពការដាក់ឱ្យអនុវត្តប្រព័ន្ធគ្រប់គ្រងផ្អែកលើសមិទ្ធកម្ម
២៖ ការពង្រឹងនិងពង្រីកភាពជាដៃគូ ដែលផ្តោតលើ ការជំរុញកិច្ចសហការជាមួយក្រសួង-ស្ថាប័នថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ភាពជាដៃគូជាមួយគ្រឹះស្ថានសិក្សាជាតិ និងអន្តរជាតិ ក៏ដូចជាកិច្ចសហការជាមួយដៃគូអភិវឌ្ឍន៍នានា
៣៖ ការអភិវឌ្ឍកម្មវិធីសិក្សា និងការជំរុញការសិក្សាស្រាវជ្រាវ ដែលផ្តោតលើការអភិវឌ្ឍកម្មវិធីបណ្តុះបណ្តាលបន្ត និងដំបូង ,ការបណ្តុះបណ្តាលតាមប្រព័ន្ធ
អនឡាញនិងវិធីសាស្ត្រចម្រុះ, កម្មវិធីបណ្តុះបណ្តាលផ្អែកលើកិច្ចសហការជាមួយដៃគូអន្តរជាតិ និងសេចក្តីត្រូវការរបស់ក្រសួង-ស្ថាប័ន ការសិក្សាស្រាវជ្រាវ ចងក្រង
ឯកសារ និងករណីសិក្សា
៤៖ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងសមត្ថភាពព័ត៌មានវិទ្យា ដែលផ្តោតលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងសម្ភារៈឧបទេស សមត្ថភាពបច្ចេកវិទ្យាព័ត៌មានវិទ្យាសម្រាប់ការគ្រប់គ្រង និងការបណ្តុះបណ្តាលជាដើម៕
0 Comments:
Post a Comment