អ៊ុយក្រែន ដកកងទ័ពចេញពីភូមិ ២ទៀត ក្បែរទីក្រុង Avdiivka ចំពោះមុខភាពយឺតយ៉ាវនៃជំនួយយោធាពីលោកខាងលិច
(កៀវ)៖ យោធាអ៊ុយក្រែន កាលពីថ្ងៃអង្គារ ទី២៧ ខែកុម្ភៈបាននិយាយថាកងកម្លាំងរបស់ខ្លួនបានដកថយចេញពីភូមិចំនួន២ទៀត ស្ថិតនៅក្បែរទីក្រុង Avdiivka ដែលទើបតែធ្លាក់ចូលទៅក្នុងដៃកងកម្លាំងរុស្ស៉ីកាលពីដើមខែនេះ ហើយនេះជាការបាត់បង់ទឹកដីបន្ថែម ខណៈការផ្ដល់ជំនួយយោធាថ្មីពីលោកខាងលិចមានភាព យឺតយ៉ាវ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
មេបញ្ជាការជាន់ខ្ពស់អ៊ុយក្រែនម្នាក់ បានឱ្យដឹងថាកងកម្លាំងអ៊ុយក្រែនបានពង្រឹងទីតាំងការពារថ្មីនៅភាគខាងលិចទីក្រុង Avdiivka ស្ថិតនៅភាគខាងកើតនៃ ប្រទេសអ៊ុយក្រែន។ ប៉ុន្តែ អ្នកនាំពាក្យយោធាអ៊ុយក្រែន លោក Dmytro Lykhoviy បានបញ្ជាក់ថាកងកម្លាំងអ៊ុយក្រែនបានដកថយចេញពីភូមិ Sieverne និងភូមិ Stepove តែមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីទីក្រុងកៀវប្រកាសថាខ្លួនបានបោះបង់ចោលភូមិ Lastochkyne។
គួរបញ្ជាក់ថា ភូមិ Sieverne និងភូមិ Stepove ធ្លាប់មានប្រជាជនសរុបរស់នៅត្រឹមតែជាង ១០០ប៉ុណ្ណោះ មុនការឈ្លានពានរបស់រុស្ស៉ី។ ចំណែក ក្រសួងការពារជាតិរុស្ស៉ី ក៏បានប្រកាសផងដែរពីការវាយដណ្ដើមបានភូមិ Sieverne។ ការបាត់បង់ទឹកដីជាបន្តបន្ទាប់របស់អ៊ុយក្រែន កើតមានឡើងចំពេល កងកម្លាំងអ៊ុយក្រែនខ្វះខាតគ្រាប់កាំភ្លើងធំ និងការសព្វាវុធដទៃទៀត ស្របពេលជំនួយយោធាថ្មីដែលលោកខាងលិចបានសន្យាថានឹងផ្តល់ឱ្យមិនទាន់បញ្ជូនមក ដល់នោះទេ រីឯកញ្ចប់ជំនួយយោធាថ្មីរបស់សហរដ្ឋអាមេរិកសម្រាប់អ៊ុយក្រែន កំពុងជាប់គាំងក្នុងរដ្ឋសភាអាមេរិក ជាទីដែលសមាជិករដ្ឋសភាមកពី បក្សសាធារណរដ្ឋជំទាស់នឹងការផ្ដល់ជំនួយយោធាថ្មីដល់ទីក្រុងកៀវ។
ប្រធានាធិបតីអាមេរិក ចូ បៃដិន និងសមាជិកសភាជាន់ខ្ពស់នៃគណបក្សប្រជាធិបតេយ្យ បានជួបជាមួយសមាជិកសភាជាន់ខ្ពស់នៃគណបក្សសាធារណរដ្ឋ កាលពីថ្ងៃអង្គារ ដើម្បីបញ្ចុះបញ្ចូលឱ្យពួកគេយល់ព្រមអនុម័តលើកញ្ចប់ជំនួយយោធាថ្មីទំហំ ៦០ពាន់លានដុល្លារ ចំពោះមុខការព្រមានថាលោក ពូទីន អាចនឹង ឈ្នះក្នុងសង្រ្គាមអ៊ុយក្រែន ប្រសិនបើអ៊ុយក្រែនមិនទទួលបានជំនួយយោធាពីលោកខាងលិចទេនោះ៕
0 Comments:
Post a Comment