ព្រឹត្តិការណ៍បើក​កិច្ចប្រជុំកំពូលលើកទី៣ នៃក្រុមប្រទេសកំពុងអភិវឌ្ឍន៍ G77 ថ្ងៃទី២១-២២ មករា ២០២៤ ទីក្រុង Kampala ប្រទេសអ៊ូហ្កង់ដា ~ គេហទំព័រ អេអឹមអឹម ហតញូស្តិ៍ -->
សូមស្វាគមន៍ គេហទំព័រ អេអឹមអឹម ហតញូស្តិ៍ មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /
សូមស្វាគមន៍ www.ammhotnews.com / មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /

ព្រឹត្តិការណ៍បើក​កិច្ចប្រជុំកំពូលលើកទី៣ នៃក្រុមប្រទេសកំពុងអភិវឌ្ឍន៍ G77 ថ្ងៃទី២១-២២ មករា ២០២៤ ទីក្រុង Kampala ប្រទេសអ៊ូហ្កង់ដា

ចំនួនអ្នកទស្សនា : Views


ភ្នំពេញ :ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ នៅទីក្រុងកាំប៉ាឡា សាធារណរដ្ឋអ៊ូហ្គង់ដា៖ នាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានបន្ត ដឹកនាំគណៈប្រតិភូរដ្ឋាភិបាលកម្ពុជា ចូលរួម កិច្ចប្រជុំកំពូល លើកទី៣ នៃក្រុមប្រទេសកំពុងអភិវឌ្ឍន៍ G77 ក្រោមប្រធានបទ៖ "កុំទុកនរណាម្នាក់ចោល" (LEAVING NO ONE BEHIND) ដែលប្រព្តឹត្តិទៅរយៈពេល ២ថ្ងៃ គឺ ថ្ងៃទី២១-២២ ខែមករា ឆ្នាំ២០២៤ នៅ ទីក្រុង Kampala ប្រទេសអ៊ូហ្កង់ដា។ កិច្ចប្រជុំកំពូលលើកទី៣ G77 ក្រោមប្រធានបទ "កុំទុកនរណាម្នាក់ចោល" នឹងមានការពិភាក្សា រៀបចំផែនការយុទ្ធសាស្ត្រ ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមនានាដែលប្រទេសសមាជិកកំពុងជួបប្រទះ ផ្តោតលើវិស័យពាណិជ្ជកម្ម បច្ចេកវិទ្យា និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព ក៏ដូចជា កំណត់គោលដៅរួមសម្រាប់ប្រទេសដែលចូលរួមទាំងអស់ផងដែរ។ កិច្ចប្រជុំកំពូលនេះ នឹងដើរតួនាទីជាវេទិការួមសម្រាប់រដ្ឋជាសមាជិក ដើម្បីជំរុញឱ្យមានកិច្ចសហប្រតិបត្តិការ និងការតស៊ូមតិ ឈានទៅសម្រេចផលប្រយោជន៍រួមគ្នាលើឆាកអន្តរជាតិ ។
 ថ្លែងក្នុងសន្ទរកថានាឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្រ្តី បានកោតសរសើរ និងថ្លែងអំណរគុណជាថ្មី ចំពោះរដ្ឋាភិបាលនៃប្រទេសអ៊ូហ្គង់ដា ដែលបានរៀបចំទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ ក៏ដូចជាបានអបអរសាទរចំពោះឯកឧត្តម Yoweri Kaguta Museveni, សម្រាប់ការចូលកាន់តំណែងជាប្រធាននៅក្នុងកិច្ចប្រជុំកំពូលនេះ។ តាមរយៈសន្ទរកថានេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានចែករំលែកសារសំខាន់ចំនួន ៧ចំណុច ដែលមានខ្លឹមសារដូចខាងក្រោម ៖

 (១). គោលជំហររបស់កម្ពុជា ក្នុងនាមជាសមាជិក G77 នៅតែបន្តគាំទ្រការអនុវត្តនូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ដែលត្រូវបានអនុម័តក្នុងឆ្នាំ២០១៥ និង ជាការអំពាវនាវជាសាកលមួយដើម្បីលុបបំបាត់ភាពក្រីក្រ ការពារថែរក្សាភពផែនដី និងធានាថានៅឆ្នាំ ២០៣០ មនុស្សទាំងអស់ទទួលបានសុខសន្តិភាព និងវិបុលភាព។ 
កម្ពុជាទទួលយក និងគាំទ្ររបៀបវារៈរបស់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ដោយបន្ស៊ីវាជាមួយយុទ្ធសាស្ត្របញ្ចកោណ និងផែនការអភិវឌ្ឍជាតិ។

 (២). ក្រោយពីទទួលបានសុខសន្តិភាពក្នុងរយៈពេលពីរទសវត្សរ៍ កម្ពុជាទទួលបាននូវអត្រា កំណើនសេដ្ឋកិច្ចប្រចាំឆ្នាំជាមធ្យម៧% កាត់បន្ថយភាពក្រីក្រពី៥០%នៅក្នុងឆ្នាំ២០០៥ មកនៅត្រឹមតែ៩%នៅក្នុងឆ្នាំ២០១៩ ដោយបានផ្លាស់ប្តូរស្ថានភាពប្រទេសពីប្រទេសអភិវឌ្ឍន៍តិច មកជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប។ កម្ពុជាបានពិនិត្យឡើងវិញ និងយល់ស្របថាភាគច្រើននៃគោលដៅទាំង១៧នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព រួមទាំងគោលដៅទី១៨នៃការបោសសម្អាតមីនគឺកំពុងដំណើរការល្អ ទោះបីជាមានស្ថានភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចពិភពលោកនាពេលបច្ចុប្បន្នក៏ដោយ។ 

 (៣). ក្នុងន័យនេះ ប្រទេសកំពុងអភិវឌ្ឍន៍ត្រូវសហការគ្នាដើម្បីថែរក្សាបរិយាកាសខាងក្រៅ ដោយធ្វើការពង្រឹងប្រព័ន្ធពាណិជ្ជកម្មពហុភាគី ជាមួយនឹងអង្គការពាណិជ្ជកម្មអន្តរជាតិ ដែលជួយលើកកម្ពស់ពាណិជ្ជកម្មអន្តរជាតិបើកចំហ កាត់បន្ថយរបាំងពាណិជ្ជកម្ម និងធានាឱ្យបាននូវភាពធន់នៃខែ្សសង្វាក់តម្លៃក្នុងកម្រិតតំបន់ និងកម្រិតពិភពលោក។ 

 (៤). ជាក់ស្តែង កម្ពុជាទទួលបាននូវអត្ថប្រយោជន៍ដ៏ធំធេងពីកិច្ចសហប្រតិបត្តិការក្នុងតំបន់ ដូចជាក្នុងក្របខ័ណ្ឌអាស៊ាន កិច្ចព្រមព្រៀងសេរីទ្វេភាគី និងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់។ លើសពីនេះ ក៏ត្រូវដោះស្រាយបញ្ហាវិបត្តិបំណុលដែលធ្វើឱ្យរាំងស្ទះដល់កិច្ចខំប្រឹងប្រែងក្នុងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ។

 ការប្រែប្រួលអាកាសធាតុនៅតែជាបញ្ហាប្រឈមដែលគំរាមកំហែងដល់មនុស្សជាតិ ហើយប្រទេសកំពុងអភិវឌ្ឍន៍ គឺជាប្រទេសដែលងាយរងគ្រោះបំផុតពីបញ្ហានេះ។ ដូចនេះសកម្មភាពរួមរបស់ G77 ត្រូវផ្តោតលើកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងកិច្ចខឹតខំប្រឹងប្រែងកាត់បន្ថយបញ្ហាសាកល និងលើកកម្ពស់ការអភិវឌ្ឍដែលមានភាពធន់នឹងអាកាសធាតុ។ 

 (៥). ទន្ទឹមនឹងការបញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្តក្នុងការអនុវត្តតាមរបៀបវារៈនៃការប្រែប្រួលអាកាសធាតុ យើងត្រូវប្រកាន់យកនូវគោលការណ៍រួម ប៉ុន្តែទទួលខុសត្រូវលើផ្នែកផ្សេងគ្នាទៅតាមសមត្ថភាពរៀងៗខ្លួន ជាមួយនឹងការតម្រូវឱ្យប្រទេសអភិវឌ្ឍរក្សាការសន្យាលើជំនួយដែលដោះស្រាយបញ្ហាអាកាសធាតុ។

 (៦). វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ពិតជាចាំបាច់មិនអាចខ្វះបាន ជាមួយសក្តានុពលក្នុងការផ្លាស់ប្តូរសេដ្ឋកិច្ច លើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋ ក្នុងបុព្វហេតុនេះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធីបតី នាយករដ្ឋមន្ត្រី បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណសម្រាប់ជំរុញការអភិវឌ្ឍប្រកបដោយចីរភាព ដោយផ្តោតលើការកសាងមូលធនមនុស្ស និង វិទ្យាសាស្ត្រ បច្ចេកវិទ្យា សំដៅសម្រេចប្រែក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។

 (៧). លើកទឹកចិត្ត ឱ្យប្រទេសសមាជិកG77 ទាំងអស់ងាកមកប្រើប្រាស់ថាមពលនៃវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីកសាងអនាគតប្រកបដោយភាពរុងរឿង បរិយាប័ន្ន មានភាពធន់ និងមាននិរន្តរភាពសម្រាប់មនុស្សជាតិគ្រប់គ្នា ។

 ការរួបរួមគ្នាធ្វើឱ្យយើងមានលទ្ធភាពអាចបង្កើតពិភពលោកមួយដែលពោពេញដោយការចែករំលែកនូវចំណេះដឹង និងការអភិវឌ្ឍ ស្របតាមខ្លឹមសាររបស់ប្រធានបទ នៃកិច្ចប្រជុំនេះ "កុំទុកនរណាម្នាក់ចោល"។ គួរបញ្ជាក់ដែរថា G77 គឺជាសម្ព័ន្ធនៃបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ដែលរៀបចំកិច្ចប្រជុំកំពូលជារៀងរាល់ឆ្នាំ ក្នុងគោលបំណងសំដៅរកដំណោះស្រាយចំពោះបញ្ហាសំខាន់ៗដែលប្រទេសសមាជិកកំពុងប្រឈម ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ កាត់បន្ថយភាពក្រីក្រ និងបង្កើនកិច្ចសហប្រតិបត្តិការក្នុង​ចំណោមរដ្ឋជាសមាជិក ៕ ដោយ៖Dara












0 Comments:

Post a Comment

KKK
Share This