ភ្នំពេញោះថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ ក្រសួងមុខងារសាធារណៈ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំសន្និសីទសារព័ត៌មាន ស្តីពី «ការប្រឡងប្រជែងជ្រើសរើសមន្រ្តីកសិកម្មឃុំ ឆ្នាំ២០២៣»
នៅថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ២០២៣នេះ ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ញើញជាអធិបតីភាព ក្នុងកម្មវិធីសន្និសីទសារព័ត៌មាន ស្តីពី «ការប្រឡងប្រជែងជ្រើសរើសមន្រ្តីកសិកម្មឃុំ ឆ្នាំ២០២៣» នៅសាលាភូមិន្ទរដ្ឋបាល។
ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានមានប្រសាសន៍ថា កម្មវិធីសន្និសីទសារព័ត៌មាន ស្តីពី «ការប្រឡងប្រជែងជ្រើសរើសមន្រ្តីកសិកម្មឃុំ ឆ្នាំ២០២៣» បានប្រារព្ធឡើងដោយមានការចូលរួមពី រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អង្គភាពប្រឆាំងអំពើពុករលួយ សាលាភូមិន្ទរដ្ឋបាល និងបេក្ខជនចំនួន ១០នាក់ ដែលបានដាក់ពាក្យប្រឡងរួចរាល់ ចូលរួមដោយផ្ទាល់។
ឯកឧត្តម ហ៊ុន ម៉ានី មានប្រសាសន៍បន្តថា គោលបំណងក្នុងការរៀបចំសន្និសីទសារព័ត៌មាន ស្តីពី «ការប្រឡងប្រជែងជ្រើសរើសមន្រ្តីកសិកម្មឃុំ ឆ្នាំ២០២៣» នេះ គឺដើម្បីផ្តល់ជាព័ត៌មាន និងផ្សព្វផ្សាយ ការប្រឡងប្រជែងដល់ បេក្ខជន បេក្ខនារី នៅតាមបណ្តារាជធានី ខេត្ត ដែលបានបញ្ចប់ការសិក្សា មានបទពិសោធន៍ពេញលេញ មានបំណងចង់ប្រឡង ចូលជាមន្រ្តីកសិកម្ម ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ ឯកឧត្តម បានបញ្ជាក់បន្ថែមថា បេក្ខជន បេក្ខនារី ដាក់ពាក្យបឡង មានចំនួនជាង ១មុឺននាក់ ប៉ុន្តែបេក្ខជន បេក្ខនារី មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ មានសិទ្ធចូលប្រឡង មានចំនួនជាង ៣ពាន់នាក់។
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ថា យោងតាមប្រសាសន៍ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត យុទ្ធសាស្រ្តបញ្ចកោណ នឹងផ្តល់ឱកាសប្រឡងប្រជែងមន្រ្តីកសិកម្ម ចំនួន១៦០០នាក់ ក្នុងរយៈពេល៣ ឆ្នាំ។ ឯកឧត្តម ឌិត ទីណា បានបញ្ជាក់ថា ក្នុងឆ្នាំ២០២៣នេះ ការប្រឡងប្រជែងមន្រ្តីកសិកម្មឃុំ នឹងផ្តល់ឱកាសដល់បេក្ខជន បេក្ខនារី ចំនួន ២៥០នាក់ ក្នុងឆ្នាំ២០២៤ ចំនួន ៨០០នាក់ និងឆ្នាំ២០២៥ ចំនួន ៥៥០នាក់។ ហើយបេក្ខជន បេក្ខនារី ចំនួន ២៥០នាក់ ដែលមានសមត្ថភាពពេញលក្ខណៈ ប្រឡងជាប់ក្នុងឆ្នាំ២០២៣នេះ នឹងត្រូវបំពេញតួនាទីតាមបណ្តាខេត្តមួយចំនួន ដែលពាក់ព័ន្ធ នឹងកសិកម្មស្រូវ។
សូមបញ្ជាក់ថា «ការប្រឡងប្រជែងជ្រើសរើសមន្រ្តីកសិកម្មឃុំ ឆ្នាំ២០២៣» នឹងចាប់ផ្តើមការប្រឡងនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ ខាងមុខនេះ។ ការប្រឡងប្រជែងជ្រើសរើសមន្រ្តីកសិកម្មឃុំ នឹងផ្តល់ឱកាសដល់បេក្ខជន បេក្ខនារីដែលមានសមត្ថភាពច្បាស់លាស់ ហើយការប្រឡងប្រជែងនេះ បានធានានូវតម្លាភាព និងប្រសិទ្ធភាពខ្ពស់៕
អត្ថបទ៖ Nida ផ្សាយដោយ៖ ធូ កុសល
0 Comments:
Post a Comment