ភ្នំពេញ៖ ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤«សូមក្មួយដែលមិនបានទទួលលទ្ធផលល្អ សូមកុំបោះបង់ចោលការសិក្សា ព្រោះផ្លូវនៅវែងឆ្ងាយ ត្រូវតែដើរទៅមុខទៀត»។ នេះជាការថ្លែងលើកទឹកចិត្តរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាក្នុងពិធីជួបសំណេះសំណាលបេក្ខជននិទ្ទេស A នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ នាព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤។
សម្ដេចធិបតី ក៏បានថ្លែងកោតសរសើរក្រសួងអប់រំ និងគ្រប់ភាគីពាក់ព័ន្ធលើការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)មានភាពរលូនព្រមទាំងមហាជន ក្នុងការគាំទ្រកំណែទម្រង់វិស័យអប់រំ និងបានថ្លែងអំណរគុណលោកគ្រូអ្នកគ្រូដែលបានចែករំលែកចំណេះដឹងរហូតសិស្សានុសិស្ស ទទួលបាននិទ្ទេស A។
ជាមួយគ្នានេះ សម្ដេចធិបតីបានថ្លែងអំណរគុណចំពោះការជំរុញលើកទឹក និងការលះបង់ដ៏ធំធេងរបស់ឪពុកម្ដាយ សម្រាប់សិស្សានុសិស្សដែលទទួលបាននិទ្ទេស A ជាពិសេស លោកគ្រូអ្នកគ្រូដែលជាតួអង្គយ៉ាងសំខាន់ធ្វើឱ្យសិស្សានុសិស្សសម្រេចបានជោគជ័យក្នុងការសិក្សារៀនសូត្រ បូកបន្ថែមលើការខិតខំដោយខ្លួនឯង។
សូមរម្លឹកថា ក្រសួងអប់រំ យុវជន និងកីឡាបានរៀបចំការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ៦ វិច្ឆិកា ២០២៣ ចប់សព្វគ្រប់ដោយជោគជ័យ។ ក្នុងការប្រឡងលើកនេះ មានបេក្ខជនបានចុះឈ្មោះប្រឡងចំនួន ១៣៧៤១២ នាក់ ស្រី ៥៣,៣២ ភាគរយ, បេក្ខជនបានមកប្រឡងចំនួន ១៣៥០៧២ នាក់ ស្រី ៥៣,៥៦ ភាគរយ និងបេក្ខជន បានប្រឡងជាប់សរុប ៩៨៤៦០ នាក់ ស្មើនឹង ៧២,៨៩% នៃចំនួនបេក្ខជនបានមកប្រឡងសរុប។ ក្នុងនោះ បេក្ខជនទទួលបាន៖
១/ និទ្ទេស A ចំនួន ១ ៦៧៣ នាក់ ស្រី ៩៤៧ នាក់
២/ និទ្ទេស B ចំនួន ៦ ៩៦៤ នាក់ ស្រី ៤ ១៦៦ នាក់
៣/ និទ្ទេស C ចំនួន ១៨ ៣០៨ នាក់ ស្រី ១១ ៥១៩ នាក់
៤/ និទ្ទេស D ចំនួន ៣៤ ២៤៦ នាក់ ស្រី ២០ ៣២១ នាក់
៥/ និទ្ទេស E ចំនួន ៣៧ ២៦៩ នាក់ ស្រី ១៩ ៥៣៩ នាក់
ជាមួយគ្នានេះ ក្រសួងបានរៀបចំ ការប្រឡងសញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈកម្រិត៣ សម័យ ប្រឡង៖ ២០ តុលា ២០២៣ សម្រាប់សិស្ស ផ្នែកអប់រំបច្ចេកទេស មានបេក្ខជនចុះឈ្មោះប្រឡង សរុប ៨៨៨ នាក់ ស្រី ៣៤៤ នាក់, បេក្ខជនមកប្រឡងសរុប ៨៨៦ នាក់ ស្រី ៣៤៤ នាក់, និង បេក្ខជន បានប្រឡងជាប់ជាស្ថាពរសរុប ៨៧៩ នាក់ គិតជាភាគរយស្មើនឹង ៩៩,២១% នៃចំនួនបេក្ខជនមក ប្រឡងសរុប។ ក្នុងនោះ បេក្ខជនទទួលបាននិទ្ទេស A សរុបចំនួន១៨ នាក់ ស្រី ១៤ នាក់។
នៅថ្ងៃនេះ បេក្ខជនទទួលបាននិទ្ទេស A សរុប ១៦៩១ នាក់ (គិតទាំងបេក្ខជនអប់រំ បច្ចេកទេស ១៨ នាក់ផងដែរ) បានទទួលការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ចូលរួមសម្តែងការគួរសមជាមួយ សម្តេចធិបតីនាយករដ្ឋមន្ត្រី។ ដែលក្នុងនោះ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ មានបេក្ខជនទទួលបាននិទ្ទេស A ចំនួន ១.៦៧៣ នាក់ (នារី ៩៤៧ នាក់) មកពីសាលាចំនួន ៤២៣ ក្នុងនោះ សាលារដ្ឋចំនួន ៣០៩ មានសិស្សនិទ្ទេស A ចំនួន ១១៥១ នាក់ និងសាលាឯកជនចំនួន ១១៤ មានសិស្សនិទ្ទេស A ចំនួន ៥២២ នាក់។ រាជធានី ខេត្តចំនួន ២៣ មានបេក្ខជនទទួលបាននិទ្ទេស A។ ការប្រឡងសញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈកម្រិត ៣ មានបេក្ខជនទទួលបាននិទ្ទេស A ចំនួន ១៨ នាក់ (ស្រី ១៤ នាក់) មកពីសាលារដ្ឋចំនួន ៣ មានសិស្សនិទ្ទេស A ចំនួន១០ នាក់ និងសាលាឯកជនចំនួន ២ មានសិស្សនិទ្ទេស A ចំនួន ៨ នាក់។
បើតាម ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លទ្ធផលនៃកំណែទម្រង់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចាប់ពីឆ្នាំ២០១៤ រហូតដល់ឆ្នាំ ២០២៣ ដូចតទៅ៖ ឆ្នាំ ២០១៤ ក្រសួងរៀបចំការប្រឡង២ដង ក្នុងនោះលើកទី១ បេក្ខជនប្រឡងជាប់ ២៥,៧២ ភាគរយ និងលើកទី២ បេក្ខជនប្រឡងជាប់ ១៧,៩២ ភាគរយ និងមានបេក្ខជននិទ្ទេស A ចំនួន ១១នាក់ ឆ្នាំ២០១៥ បេក្ខជនប្រឡងជាប់ ៥៥,៨៨ ភាគរយ និងមានបេក្ខជននិទ្ទេស A ចំនួន ១០៨ នាក់ ឆ្នាំ ២០១៦ បេក្ខជនប្រឡងជាប់ ៦២,១៨ ភាគរយ និងមានបេក្ខជននិទ្ទេស A ចំនួន ៤០៥នាក់ ឆ្នាំ ២០១៧ បេក្ខជនប្រឡងជាប់ ៦៣,៨៤ ភាគរយ និងមានបេក្ខជននិទ្ទេស A ចំនួន ៤២៤ នាក់ ឆ្នាំ ២០១៨ បេក្ខជនប្រឡងជាប់ ៦៧,០៧ ភាគរយ និងមានបេក្ខជននិទ្ទេស A ចំនួន ៤០៨ នាក់ ឆ្នាំ ២០១៩ បេក្ខជនប្រឡងជាប់ ៦៨,៦២ ភាគរយ និងមានបេក្ខជននិទ្ទេស A ចំនួន ៤៤៣ នាក់ ឆ្នាំ ២០២០ ដោយស្ថិតក្នុងដំណាក់កាលនៃការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ក្រសួងបាន កំណត់ឱ្យបេក្ខជនជាប់ដោយស្វ័យប្រវត្តិ និងមិនកំណត់និទ្ទេស ឆ្នាំ ២០២១ បេក្ខជនប្រឡងជាប់ ៦៥,៦៥ ភាគរយ និងមានបេក្ខជននិទ្ទេស A ចំនួន ១៧៥៧ នាក់ ឆ្នាំ ២០២២ បេក្ខជនប្រឡងជាប់ ៧២,៣៣ ភាគរយ និងមានបេក្ខជននិទ្ទេស A ចំនួន ១០៥៨ នាក់ (គិតទាំងបេក្ខជនអប់រំបច្ចេកទេស ៩នាក់)និងឆ្នាំ ២០២៣ នេះ បេក្ខជនប្រឡងជាប់ ៧២,៨៩ ភាគរយ និងមានបេក្ខជននិទ្ទេស A ចំនួន ១៦៩១ នាក់ (គិតទាំងបេក្ខជនអប់រំបច្ចេកទេស ១៨ នាក់)។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា លទ្ធផលជាទីមោទនៈដែលយើងទទួលបានរហូតមកដល់សព្វថ្ងៃនេះ ដោយសារមានការដឹកនាំ ដ៏ត្រឹមត្រូវរបស់ សម្តេចតេជោ និងសម្តេចធិបតី ដែលបានដឹកនាំប្រទេសកម្ពុជាឱ្យមានការបង្រួប បង្រួម ផ្សះផ្សារជាតិ សុខសន្តិភាពពេញលេញនិងមានការអភិវឌ្ឍនៅលើគ្រប់វិស័យ។
ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងបន្ថែមថា ក្នុងបរិយាកាស ដ៏រីករាយនេះ«យើងខ្ញុំទាំងអស់គ្នាជាមន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់ និងសិស្សានុសិស្សនៅទូទាំងប្រទេស សូមសម្តែងនូវការគោរពដឹងគុណ និងចងចាំជានិច្ចនូវវីរភាពដ៏ឧត្តុង្គឧត្តមរបស់ សម្តេចតេជោ និង សម្តេចធិបតី»។
ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅជាថ្មីម្តងទៀត ចំពោះការអនុញ្ញាតឱ្យប្រតិភូគ្រប់លំដាប់ថ្នាក់ និងបេក្ខជន និទ្ទេស A បានចូលសំដែងការគួរសម និងសំណេះសំណាលជាមួយ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី និងសូមឱ្យទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា តាមថែរក្សា សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី និង លោកជំទាវបណ្ឌិត ព្រមទាំងបុត្រាបុត្រី សូមប្រកបដោយសុខភាពល្អ សុភមង្គល សិរីសួស្តី ដើម្បីបន្តជាមគ្គុទ្ទេសក៍ដ៏ឆ្នើម ក្នុងការស្ថាបនាប្រទេសកម្ពុជាប្រកបដោយភាព រុងរឿង និងភាពសុខដុមក្រោមម្លប់សន្តិភាព»៕
0 Comments:
Post a Comment